ភតិសន្យា និង
ខ្ចីប្រើគឺជាប្រភេទកិច្ចសន្យាដែលមានចែងនៅក្នុងក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចសន្យា ទាំងពីរនេះ ត្រូវបានប្រជាពលរដ្ឋជាទូទៅយកទៅអនុវត្ត
ប្រើនៅក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគេ។ ភតិសន្យា ឬកិច្ចសន្យាជួល
ត្រូវបានគេឲ្យនិយមន័យថាជាប្រភេទ កិច្ចសន្យាមួយដែល ភាគីម្ខាង
ឲ្យភាគីម្ខាងទៀតប្រើប្រាស់ និងអាស្រ័យផល ពីវត្ថុណាមួយដោយយកថ្លៃ។ ដោយមានលក្ខណៈស្រដៀងនឹង
ភតិសន្យាផងដែរ ខ្ចីប្រើ គឺជាប្រភេទកិច្ចសន្យាមួយដែលភាគីម្ខាង
ឲ្យភាគីម្ខាងទៀតប្រើប្រាស់ និង អាស្រ័យផល នូវវត្ថុណាមួយ ដោយមិនឲ្យបង់ថ្លៃ។
ទន្ទឹមនឹងភាពស្រដៀងគ្នា ចំពោះនិយមន័យរបស់កិច្ចសន្យាទាំងពីរ
យ៉ាងណាមិញកិច្ចសន្យានេះត្រូវបានបង្កើតឡើងដើម្បីបម្រើគោលបំណងផ្សេងគ្នា
ហើយវាមាននូវលក្ខណៈដូច និង
លក្ខណៈខុសគ្នាដែលបង្កប់នៅក្នុងលក្ខខណ្ឌផ្សេងៗមួយចំនួន
នៅក្នុងកិច្ចសន្យាទាំងពីរ ដែលនឹងត្រូវបានបង្ហាញដូចខាងក្រោម ៖
លក្ខណៈដូចគ្នានៃភតិសន្យា និងខ្ចីប្រើ
ភតិសន្យា
និង ខ្ចីប្រើ មានលក្ខណៈដូចគ្នាមួយចំនួន
ទាក់ទងទៅនឹងអានុភាពដែលបានផ្តល់ឲ្យដោយកិច្ចសន្យាក្រោយពីមានការព្រមព្រៀងចុះរបស់ភាគី
និងការបញ្ចប់កិច្ចសន្យា ។
ក.
ភាពដូចគ្នាចំពោះអានុភាពមួយចំនួននៃកិច្ចសន្យា
អានុភាពមួយចំនួននៃកិច្ចសន្យាទាំងពីរ
មានលក្ខណៈដូចគ្នាត្រង់ថា វាបានផ្តល់ករណីយកិច្ចមួយចំនួនដល់ភតិកៈ និង អ្នកខ្ចី
ដូចគ្នា ហើយចំពោះការចំណាយលើសោហ៊ុយ និងការទាមទារសោហ៊ុយ ក៏មានលក្ខណៈដូចគ្នាដែរ ។
- ការចំណាយលើសោហ៊ុយ និងការទាមទារសោហ៊ុយ ៖ បើភតិកៈ ឬ អ្នកខ្ចី បានចំណាយសោហ៊ុយដើម្បីកែលំអកម្មវត្ថុ (វត្ថុជួល ឬ វត្ថុខ្ចី) ឬចំណាយផ្សេងទៀតដើម្បីបង្កើនតម្លៃ ក្នុងករណីដែលកម្រិតនៃកំណើនតម្លៃនោះនៅតែមាន នាពេលបញ្ចប់កិច្ចសន្យាប៉ុណ្ណោះទេ ទើបភតិកៈ ឬ អ្នកខ្ចី អាចទាមទារចំពោះភតិបតី ឬ អ្នកឲ្យខ្ចី ឲ្យសងវិញនូវប្រាក់ដែលបានចំណាយ ឬតម្លៃប្រាក់ដែលកើតនោះ ដោយផ្អែកតាមការជ្រើសរើសរបស់ភតិបតី ឬ អ្នកឲ្យខ្ចីបាន ។ ប៉ុន្តែតុលាការអាចអនុញ្ញាតដោយកំណត់អំឡុងពេលសមរម្យ ឲ្យសងវិញយោងតាមការទាមទាររបស់ភតិបតី ឬអ្នកឲ្យខ្ចីបាន ។
ខ. ភាពដូចគ្នាចំពោះលក្ខខណ្ឌមួយចំនួនដែលពាក់ព័ន្ធនឹងការបញ្ចប់កិច្ចសន្យា
ចំពោះការបញ្ចប់កិច្ចសន្យា ភតិសន្យា និង
ខ្ចីប្រើបានបង្កប់នូវលក្ខខណ្ឌដែលពាក់ព័ន្ធមួយចំនួនដែលមានលក្ខណៈដូចគ្នា
ដូចជាការបញ្ចប់កិច្ចសន្យាដោយផុតអំឡុងពេលកំណត់ ការស្នើរសុំឲ្យរំលាយកិច្ចសន្យា
ករណីយកិច្ចប្រគល់វត្ថុរបស់ភតិកៈ ឬ អ្នកខ្ចី
សិទ្ធិរុះរើរបស់ភតិកៈ ឬ អ្នកខ្ចី និងអំឡុងពេលប្រើសិទ្ធិទាមទារសំណងនៃការខូចខាត
និងការទាមទារឲ្យសងសោហ៊ុយមកវិញ ។
- ការបញ្ចប់កិច្ចសន្យាដោយផុតអំឡុងពេលកំណត់៖ ភតិសន្យា និង ការខ្ចីប្រើ ដែលមានកំណត់អំឡុងពេល ត្រូវបញ្ចប់ដោយការផុតកំណត់អំឡុងពេល ។
- ការស្នើរសុំឲ្យរំលាយកិច្ចសន្យា៖ ចំពោះភតិសន្យា និង ខ្ចីប្រើ ក្នុងករណីភាគីនីមួយៗនៃកិច្ចសន្យា មានបំណងចង់រំលាយកិច្ចសន្យា គឺអាចធ្វើការស្នើរសុំឲ្យរំលាយកិច្ចសន្យាពេលណាក៏បាន បើកិច្ចសន្យានោះពុំបានកំណត់អំឡុងពេលទេ។ ទោះជាយ៉ាងណាក៏ដោយ វានូវមានលក្ខខណ្ឌកំណត់ផ្សេងៗទៀត ពាក់ព័ន្ធនឹងកិច្ចសន្យានីមួយៗ ចំពោះចំណុចការស្នើរសុំរំលាយកិច្ចសន្យានេះ។
- ករណីយកិច្ចប្រគល់វត្ថុរបស់ភតិកៈ និង អ្នកខ្ចី៖ នៅពេលភតិសន្យា ឬ ការខ្ចីប្រើត្រូវបានបញ្ចប់ហើយ ភតិកៈ ឬ អ្នកខ្ចី មានករណីយកិច្ចធ្វើបដិទានវត្ថុជួល ឬ វត្ថុខ្ចី ប្រគល់ទៅឲ្យភតិបតី ឬ អ្នកឲ្យខ្ចីវិញជាបន្ទាន់។ លើកលែងតែការបាក់បែក ខូចខាតដែលកើតឡើងដោយសារការប្រើប្រាស់ជាធម្មតា ភតិកៈ ឬ អ្នកខ្ចីត្រូវជួសជុលការខូចខាតដែលកើតឡើងដោយសារមូលហេតុជាបន្ទុករបស់ខ្លួនឡើងវិញ ឬ ត្រូវមានករណីយកិច្ចសងសំណងនៃការខូចខាតនោះ។
- សិទ្ធិរុះរើចេញរបស់ភតិកៈ និង អ្នកខ្ចី៖ បើកិច្ចសន្យាត្រូវបានបញ្ចប់ហើយ ភតិកៈ ឬ អ្នកខ្ចីអាចរុះរើចេញនូវវត្ថុដែលបានភ្ជាប់ជាមួយនឹងវត្ថុជួល ឬ វត្ថុខ្ចី នោះបាន។
- អំឡុងពេលប្រើសិទ្ធិទាមទារសំណងនៃការខូចខាត និងការទាមទារឲ្យសងសោហ៊ុយមកវិញ៖ សំណងនៃការខូចខាតដែលកើតឡើងដោយសារភតិកៈ ឬ អ្នកខ្ចី ក្នុងការប្រើប្រាស់ និងអាស្រ័យផលដែលផ្ទុយនឹងអត្ថន័យដើមនៃកិច្ចសន្យា និង ការសងមកវិញនូវសោហ៊ុយដែលភតិកៈ ឬ អ្នកខ្ចី បានចេញ ត្រូវទាមទារនៅក្នុងអំឡុងពេល១ឆ្នាំ គិតចាប់ពីពេលដែលភតិបតី ឬ អ្នកឲ្យខ្ចី បានទទួលការសងវត្ថុជួល ឬ វត្ថុខ្ចីនោះ។
លក្ខណៈខុសគ្នានៃភតិសន្យា និងខ្ចីប្រើ
ក. ប្រភេទកិច្ចសន្យា៖ យោងតាមនិយមន័យ៥៩៧ នៅក្នុងក្រមរដ្ឋប្បវេណី
កិច្ចសន្យាភតិសន្យា គឺស្ថិតនៅក្នុងប្រភេទកិច្ចសន្យាអញ្ញមញ្ញ មានន័យថា
នៅក្នុងកិច្ចសន្យា ភាគីទាំងសងខាងត្រូវមានកាតព្វកិច្ចបំពេញទៅវិញទៅមក ចំណែកឯ
កិច្ចសន្យាខ្ចីប្រើ គឺជាកិច្ចសន្យាឯកតោភាគី មានន័យថា
មានតែភាគីម្ខាងប៉ុណ្ណោះដែលមានកាតព្វកិច្ច (អ្នកអោយខ្ចី) ដែលត្រូវបំពេញ
ចំពោះភាគីម្ខាងទៀត (អ្នកខ្ចី) យោងតាមមាត្រា ៦២៦ ។
ខ. ការបង់ប្រាក់៖ យោងតាមមាត្រា ៥៩៦ នៃក្រមរដ្ឋប្បវេណី ឆ្នាំ
២០០៧ បានចែងថា “ ភតិសន្យា សំដៅ...... ពីវត្ថុណាមួយ ដោយយកថ្លៃ”
យើងអាចសន្និដ្ឋានបានថា លក្ខណៈពិសេសនៃភតិសន្យា គឺ លុះត្រាមានការយកថ្លៃ
(កិច្ចសន្យាមូលា) ។ ដោយឡែក នៅក្នុងកិច្ចសន្យាខ្ចីប្រើ បើយោងតាមមាត្រា ៦២៥
“ការខ្ចីប្រើ...... នូវវត្ថុណាមួយ ដោយមិនអោយបង់ថ្លៃ”
គឺមិនតម្រូវអោយអ្នកខ្ចីមានកាតព្វកិច្ចក្នុងការបង់ថ្លៃនោះឡើយ (កិច្ចសន្យាមុធា) ។
គ. កាត្វកិច្ចរបស់គូភាគី៖ នៅអំឡុងពេលកិច្ចសន្យាមានសុពលភាព
យោងតាមមាត្រា៦០២ នៃក្រមរដ្ឋប្បវេណី ក្នុងភតិសន្យា ភតិបតី
ត្រូវមានករណីកិច្ចធ្វើការជួសជុលដែលចាំបាច់ សម្រាប់ការប្រើប្រាស់ និងអាស្រ័យផល
នៃវត្ថុជួលនោះ។ រីឯ
ក្នុងករណីកិច្ចសន្យាខ្ចីប្រើវិញ (មាត្រា ៨២៨) អ្នកអោយខ្ចី មិនទទួលបន្ទុកក្នុងការចំណាយលើការជួសជុលដែលចាំបាច់
សម្រាប់ការប្រើប្រាស់ និងអាស្រ័យផលប្រចាំថ្ងៃ នៃវត្ថុខ្ចីនោះឡើយ
ពោលការចំណាយទាំងនោះ គឺជាកាតព្វកិច្ចរបស់អ្នកខ្ចី ដោយសារកិច្ចសន្យានោះ
មិនយកតម្លៃថ្នូរ។
ឃ. ការទទួលខុសត្រូវក្នុងការធានា៖ ចំពោះកិច្ចសន្យាភតិសន្យា
ដោយមានការបង់ថ្លៃ នោះភតិបតី ត្រូវមានទទួលខុសត្រូវនូវវិការៈអាថ៌កំបាំងដែលកើតឡើង
ចំពោះភតិកៈ ដោយអនុលោមតាមមាត្រា ៦០៥ ។ ដោយឡែក ដោយសារតែក្នុងកិច្ចសន្យាខ្ចីប្រើ មិនតម្រូវអោយអ្នកខ្ចីបង់ថ្លៃអោយអ្នកអោយខ្ចី
នោះទើបធ្វើអោយអ្នកអោយខ្ចី ពុំទទួលខុសត្រូវក្នុងការធានានោះឡើយ
នូវវិការៈនៃវត្ថុដែលជាកម្មវត្ថុនៃការខ្ចីប្រើ ឬការខ្វះសិទ្ធិខ្លះ អនុលោមតាមមាត្រា
៦២៩។
ង. មូលហេតុនៃការបញ្ចប់កិច្ចសន្យា៖ នៅក្នុងភតិសន្យា
ត្រង់មាត្រា ៦២០ បានកំណត់ថា ទោះបីជាភតិបតី ឬ ភតិកៈទទួលមរណភាពក៏ដោយ ក៏ទំនាក់ទំនងនៃកិច្ចសន្យានោះ
នៅតែបន្តសុពលភាពរបស់ខ្លួនដដែល ដែលផ្ទុយពីកិច្ចសន្យាខ្ចីប្រើ។ កិច្ចសន្យាខ្ចីប្រើ
(នៅក្នុងមាត្រា ៦៣៣) នឹងត្រូវបញ្ចប់ដោយសារមរណភាពរបស់អ្នកខ្ចី។ ក្នុងគោលបំណងនេះ
ចង់បង្ហាញថា ក្នុងការខ្ចីប្រើ អ្នកអោយខ្ចីមានទំនុកចិត្តទៅលើអ្នកខ្ចី
ទើបអោយខ្ចីប្រើដោយពុំយកតម្លៃថ្នូរ។ ហេតុនេះហើយ ទើបជាអ្នកអោយខ្ចីទទួលមរណភាពក៏ដោយ
ប្រសិនបើពុំមានល័ក្ខខ័ណ្ឌពិសេសទេ ការខ្ចីប្រើត្រូវតែបញ្ចប់។
រៀបរៀងដោយ និស្សិតច្បាប់ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច
លី សុគន្ធារី
បញ្ញា តារារស្មី
No comments:
Post a Comment