Pages

"អ្វីដែលជាអច្ឆរិយៈតែងតែស្ថិតនៅលើទីខ្ពស់..."
"The wonder is always on the top..."

ទឹកចិត្តនារីម្នាក់

រ៉ាយុទ្ធ និង យ៉ានីជាគូសង្សារនឹងគ្នាពីរឆ្នាំមកហើយ។ រយៈពេលពីរឆ្នាំនេះ ពូកគេបានសាងអនុស្សាវរីយ៍យ៉ាងច្រើនជាមួយគ្នា។ ពួកគេទាំងពីរ ពិតជាស្រលាញ់គ្នាយ៉ាងស្មោះមែន ជាពិសេសគឺ រ៉ាយុទ្ធ គេតែងតែយកចិត្តទុកដាក់លើយ៉ានី និងថ្នាក់ថ្នមនាងមិនឲ្យឃ្នើសចិត្តបន្តិចឡើយ។ រៀងរាល់ថ្ងៃបុណ្យផ្សេងៗ គេតែងតែមានអំណោយឲ្យនាង មិនដែលខានឡើយ ហើយពួកគេតែងតែណាត់គ្នាដើរលេងគ្រប់ទីកន្លែង ដើម្បីបង្កើតអនុស្សាវរីយ៍ថែមទៀត។ ទំនាក់ទំនងរវាងពួកគេក៏គ្មានអ្វីលាក់បាំងដល់គ្រួសាររបស់ពួកគេឡើយ ហើយឪពុកម្តាយទាំងសងខាងក៏បានពេញចិត្ត ព្រមព្រៀងគ្នាទៅហើយ។
គ្មានឧបសគ្គសម្រាប់ពួកគេទៀតទេ ព្រោះនៅតែមួយឆ្នាំទៀតបន្ទាប់ពីរ៉ាយុទ្ធបញ្ចប់ការសិក្សា គេនឹងឲ្យឪពុកម្តាយរបស់គេចូលស្តីដណ្តឹងយ៉ានីជាមិនខាន។ ហើយយ៉ានីក៏សុខចិត្តរង់ចាំរ៉ាយុទ្ធដោយទឹកចិត្តកក់ក្តៅបំផុតដែរ។ គេទាំងពីរនាក់តែងតែសង្ឃឹមថាពន្លកស្នេហ៍របស់ពួកគេនឹងដុះលូតលាស់ជាដរាប។ ប៉ុន្តែអ្វីៗមិនអាចដូចការដែលគិតទុករបស់ រ៉ាយុទ្ធ និង យ៉ានី នោះទេ ក្នុងឆ្នាំទីបីនេះមានការប្រែប្រួលហួសពីការស្មានទៅទៀត។ ក្នុងខែនេះ​យ៉ានីស្រាប់តែមានសុខភាពចុះខ្សោយទៅៗ រាងកាយក៏ស្គមស្គាំងគួរឲ្យបារម្ភ។ នាងបានទៅជួបពិគ្រោះស្ថានភាពជំងឺជាមួយនឹងវេជ្ជបណ្ឌិតក៏ដឹងថានាងមានជំងឺមហារីកបេះដូង។ ...ស្ទើរស្លាប់មួយរំពេច ទឹកភ្នែកនាងស្រាប់តែហូរច្រាកមិនអាចឃាត់បាន។ លោកវេជ្ជបណ្ឌិតមានការអាណិតអាសូរនាងខ្លាំងណាស់។ ថ្វីត្បិតតែជំងឺនេះអាចព្យាបាលបាន តែត្រូវឆ្លងកាត់ការវះកាត់សិន ហើយនរណាក៏ដឹងដែរថាការវះកាត់គឺមានសង្ឃឹមតិចណាស់ដើម្បីរស់។ លោកបានចេញថ្នាំមួយចំនួនឲ្យនាងផឹក និង ថ្នាំរំងាប់អារម្មណ៍ខ្លះសម្រាប់នាងផងដែរ។ លោកបានពន្យល់នាងឲ្យចេះថែរក្សាខ្លួន និងកុំឲ្យព្រួយចិត្តពេក ហើយត្រូវប្រើពេលវេលាសប្បាយឲ្យបានច្រើន ទើបនាងមានសង្ឃឹមរស់បានយូរ។​ យ៉ានីដើរចេញពីមន្ទីរពេទ្យទាំងល្ហិតល្ហៃក្នុងខ្លួន អស់ហើយក្តីសង្ឃឹមរបស់នាង​គ្មានទេអាពាហ៍ពិពាហ៍សម្រាប់នាងនិងរ៉ាយុទ្ធ អ្វីៗត្រូវរលាយអស់ក្នុងមួយរបោះព្រិចភ្នែក... តើនាងធ្វើដូចម្តេចនឹងអាចព្រោះតែសេចក្តីសុខមួយភ្លែត ហើយឲ្យរ៉ាយុទ្ធ ឈឺចាប់អស់មួយជីវិតព្រោះតែបាត់បង់នាងនោះ? នាងមិនបានប្រាប់ឪពុកម្តាយនាងទេ ហើយរឹតតែមិនហ៊ានប្រាប់រ៉ាយុទ្ធឲ្យដឹងទៅទៀត ព្រោះនាងមិនចង់ឲ្យមនុស្សដែលនាងគោរពនិងស្រលាញ់ឈឺចាប់ដោយសារនាងនោះទេ។ យប់នេះយ៉ានីគេងយំពេញមួយយប់ នាងយំព្រោះនឹងត្រូវបែកពីមនុស្សដែលនាងស្រលាញ់ ក្នុងថ្ងៃណាមួយដោយមិនដឹងខ្លួន។ ស្អែកនេះជាថ្ងៃខួបកំណើតរបស់រ៉ាយុទ្ធ តើនាងគួរឲ្យអ្វីសម្រាប់គេទើបប្រសើរ? ព្រោះនោះអាចជាកាដូចុងក្រោយរបស់នាងហើយ។ ភ្លាមនោះនាងស្រាប់តែស្រមៃឃើញក្តីឈឺចាប់របស់រ៉ាយុទ្ធ ពេលនាងត្រូវលាចាកលោកនេះទៅ។ នាងគិតថាបេះដូងដែលប្រេះស្រាំត្រូវតែយកបេះដូងមកជំនួស ដូចនេះនាងត្រូវរកវិធីធ្វើឲ្យរ៉ាយុទ្ធអាចដកចិត្តចេញពីនាងបន្តិចម្តងៗបាន។ ថ្ងៃនេះជាថ្ងៃដែលរ៉ាយុទ្ធបានទន្ទឹងរង់ចាំជាយូរ ល្ងាចម៉ោង ៥ រ៉ាយុទ្ធស្លៀកពាក់យ៉ាងសង្ហារកំពុងរង់ចាំ យ៉ានីក្នុងភោជនីយដ្ឋានមួយ។ បន្តិចក្រោយមក យ៉ានី ក៏មកដល់ជាមួយនឹងមិត្តជិតស្និទ្ធរបស់នាងម្នាក់ឈ្មោះ នីតា។ យ៉ានី បានណែនាំឲ្យនាង និង​រ៉ាយុទ្ធបានស្គាល់គ្នា។ រ៉ាយុទ្ធមិនយល់ពីវត្តមានរបស់ នីតា ក្នុងថ្ងៃនេះសោះ តើយ៉ានីកំពុងតែគិតអ្វី? បន្ទាប់ពីនោះមករៀងរាល់ពេលដើរលេងជមួយរ៉ាយុទ្ធ នាងតែងតែសុំឲ្យនីតាទៅជាមួយជានិច្ច។ មានពេលខ្លះយ៉ានីធ្វើជាមិនស្រួលខ្លួន ហើយទុកឳកាសឲ្យពួកគេទាំងពីរបានកសាងអនុស្សាវរីយ៍ជាមួយគ្នាផងដែរ។ មួយខែក្រោយមកសុខភាពរបស់ យ៉ានីកាន់តែកាន់តែទ្រុឌទ្រោមទៅហើយ ចំនែកទំនាក់ទំនងរវាង រ៉ាយុទ្ធ និង នីតាកាន់តែឆាប់រហ័សជាងការស្មានទុករបស់នាងទៅទៀត។ យ៉នីសង្កេតឃើញថាពួកគេទាំងពីរនាក់មានចិត្តលើគ្នាហើយ។ ការពិត នីតាពិតជាបានបាក់ចិត្តស្រលាញ់ រ៉ាយុទ្ធមែន ក៏ដោយសារតែទឹកចិត្តស្មោះស្ម័គ្ររបស់គេដែលមានចំពោះ យ៉ានីនោះ។ ថ្ងៃមួយពួកគេទាំងបីបានណាត់គ្នាទៅញ៉ាំអាហារនៅភោជនីយដ្ឋានមួយ រ៉ាយុទ្ធបានកក់យកបន្ទប់ពិសេសមួយសម្រាប់ពួកគេទាំងបីនាក់ ព្រោះគេមានរឿងមួយចង់ឲ្យយ៉ានីដឹង។ ពេលនោះ យ៉នីស្រាប់តែមានអារម្មណ៍ថាវិលមុខ នាងក៏កុហក នីតា និង​ រ៉ាយុទ្ធថាមិនស្រួលពោះចង់ចូលបន្ទប់ទឹកមួយភ្លែត។ ហើយនាងក៏ប្រញ៉ាប់ប្រញាល់ចាក់ថ្នាំញ៉ាំរួចសម្ងំនៅក្នុងបន្ទប់ទឹកទំរាំនាងបានស្រួលឡើងវិញ។ ពេលដែលនាងមកដល់បន្ទប់វិញនោះអ្វីដែលនាងបានឃើញនោះគឺ រ៉ាយុទ្ធ និង នីតាកំពុងតែឳបគ្នាយ៉ាងស្អិតរមួត ពេលនោះបេះដូងរបស់នាងស្រាប់តែមានអារម្មណ៍ថាឈឺយ៉ាងខ្លាំង នាងក៏ប្រញាប់ចាកចេញពីទីនោះជាបន្ទាន់។ ការពិតបំណងរបស់នាងបានសម្រេចហើយ តែនាងក៏មិនអាចទទួលយកទិដ្ឋភាពបែបនេះបានដែរ។ យ៉ានី ញញឹមទាំងទឹកភ្នែកហូរដែលបិទបាំងដោយតំណក់ទឹកភ្លៀង តើនាងគួរធ្វើង្វីបន្តទៀត? មកដល់ផ្ទះវិញ យ៉ានីក៏ស្រាប់តែដួលសន្លប់បាត់ស្មារតី ពេលបើកភ្នែកឡើងគឺនាងបាននៅក្នុងមន្ទីរពេទ្យទៅហើយ។ ឪពុកម្តាយយ៉នី បានដឹងពីស្ថានភាពជំងឺរបស់នាង ក៏អង្វរឲ្យនាងព្រមធ្វើការវះកាត់។ ព្រោះតែអាណិតឪពុកម្តាយ យ៉នីក៏សុខចិត្តធ្វើការវះកាត់ព្រោះបំណងរបស់នាងក៏បានសម្រេច ហើយនាងហាមមិនឲ្យឪពុកម្តាយនាងប្រាប់រឿងនេះដល់ រ៉ាយុទ្ធមុនពេលនាងវះកាត់ឡើយ។ ដោយសារការពន្យាពេលយូរពេក និងភាពអស់សង្ឃឹមក្នុងជីវិត យ៉ានីក៏ត្រូវបាត់បង់ជីវិតក្នុងពេលកំពុងវះកាត់។
ក្រោយពេលទទួលដំណឹងថាយ៉ានី ត្រូវស្លាប់ដោយសារជំងឺមហារីកបេះដូង រ៉ាយុទ្ធសឹងតែមិនជឿថាវាជាការពិតទេ គេប្រញាប់ប្រញាល់រត់ទៅរកយ៉ានីនៅមន្ទីរពេទ្យ តែពេលទៅដល់គេបានឃើញតែរាងកាយដេកស្តូកស្ដឹងឥតវិញ្ញាណរបស់នាងប៉ុណ្ណោះ។ នាងបានបន្សល់ទុកនូវសំបុត្រមួយច្បាប់ដល់រ៉ាយុទ្ធៈ

រ៉ាយុទ្ធ! ទំរាំបងបានអានសំបុត្រមួយច្បាប់នេះ អូនបានទៅដល់កន្លែងមួយដ៏ឆ្ងាយសែនឆ្ងាយហើយក៏មិនអាចត្រលប់មកជួបបងបានវិញទេ។ ការពិតថ្ងៃនោះអូនមិនចង់នៅទើសទាល់រវាងបង​ និង នីតាដែរ។ អូនសុំទោស។ ហើយរឿងដែលបងចង់ប្រាប់អូននោះ បងកុំមានការតឹងថប់ក្នុងការនិយាយអី អូនដឹងអស់ហើយ។

អានបានត្រឹមនេះ រ៉ាយុទ្ធ ក៏ស្រមៃដល់ទិដ្ឋភាពក្នុងថ្ងៃនោះ។ គេក៏ដឹងថាយ៉ានីមានបំណងយ៉ាងណាចំពោះគេ និង នីតាដែរគ្រាន់តែគេមិនយល់ពីមូលហេតុតែប៉ុណ្ណោះ។ ដូចនេះហើយទើបគេណាត់ នាង និង នីតាដើម្បីប្រាប់ថាគេនឹងឲ្យឪពុកម្តាយរបស់គេចូលស្តីដណ្តឹងយ៉ានីមុនពេលរៀនចប់ ព្រោះដើម្បីទប់ស្កាត់គំរោងការរបស់នាងជាមុន។ តែពេលដែលយ៉ានីចេញទៅបន្ទប់ទឹកបានបន្តិច នីតាក៏ចាប់ផ្តើមសារភាពសេចក្តីស្នហាដែលនាងមានចំពោះរ៉ាយុទ្ធ។ រ៉ាយុទ្ធឈរឆ្កឹងដូចគល់ឈើ ព្រោះមិននឹកស្មានថានីតា ហ៊ានបំពានលើទឹកចិត្តរបស់យ៉ានីដែលជាមិត្តរបស់ខ្លួនសោះ។ នីតារត់ទៅឳបរ៉ាយុទ្ធយ៉ាងជាប់។ ពេលរ៉ាយុទ្ធក្រលេកទៅមាត់ទ្វារក៏ស្រាប់តែឃើញ យ៉ានីរត់ចេញទៅយ៉ាងលឿន គេក៏ភ្ញាក់ខ្លួនច្រាននីតាចេញ ហើយរត់ទៅតាមយ៉ានី។ ចៃដន្យអាក្រក់គេក៏ជួបឧបទ្ទេវហេតុពេលកំពុងរត់តាមផ្លូវ ដែលជាហេតុធ្វើឲ្យគេមានរបួសមិនអាចទំនាក់ទំនងយ៉ានីបានមួយរយៈ។ ម្យ៉ាងគេមិនចង់ឲ្យនាងឃើញសភាពរបស់គេពេលនោះ និងចាំឲ្យនាងស្ងប់អារម្មណ៍សិនចាំបកស្រាយជាក្រោយ។ តែពេលនេះអ្វីៗហួសអស់ទៅហើយ។

ជាចុងក្រោយនេះ អូនគ្រាន់តែសង្ឃឹមថាបងនឹងមានសុភមង្កលជារៀងរហូត។ អូននឹងចាំមើលសុភមង្គលរបស់បងពីចម្ងាយ។
លាហើយ!​ លារហូត!

រ៉ាយុទ្ធ អានសំបុត្រយ៉ានី ទាំងឈឺចាប់បំផុត ប្រៀបដូចជាភ្នំសង្កត់លើ ធ្ងន់ណាស់ទឹកចិត្តដែលយ៉ានីបានផ្តល់ឲ្យគេ។ តែយ៉ានី មិនដឹងទេថាគេមិនដែលមានចិត្តស្រលាញ់នីតាម្តងណាឡើយ។ រាល់ពេលដែលគ្មាន យ៉ានី គេមិនដែលទៅណាតែពីរនាក់ នីតានោះទេ គឺគេតែងតែបែកគ្នាមកផ្ទះវិញរៀងខ្លួន។ រ៉ាយុទ្ធ រឹតតែស្រលាញ់យ៉ានី ទ្វេរឡើងហើយមិនថែមទាំងក្តីអាណិតដ៏លើសលប់។ គេប្តេជ្ញាចិត្តថានឹងរស់នៅឯកាអស់មួយជីវិត ដើម្បីតបស្នងនូវតម្លៃទឹកចិត្តរបស់យ៉ានី។ បើជាតិក្រោយមានពិត រ៉ាយុទ្ធ សូមផ្សងជួបតែ យ៉ានី គ្រប់ៗជាតិ។
ឯ នីតា នាងខ្មាសខ្លួនពេកណាស់ នាងសុខចិត្តចាកចេញយ៉ាងស្ងាត់ៗ ហើយក៏មិនឲ្យជួបមុខរ៉ាយុទ្ធទៀតដែរ។ ព្រោះនាងក៏ដឹងលទ្ធផលចុងក្រោយនៃក្តីស្រលាញ់របស់នាងដែរ។
ខ្ញុំសូមជូនពរឲ្យគូស្នេហ៍គ្រប់រូបមានទឹកចិត្តស្រលាញ់គ្នាយ៉ាងមុំមុតដូច យ៉ានី និង​ រ៉ាយុទ្ធ រហូតទៅ។

ចប់

1 comment:

  1. This story I wrote when I was in grade 10. So it's just a young brain imagination... :)

    ReplyDelete