Pages

"អ្វីដែលជាអច្ឆរិយៈតែងតែស្ថិតនៅលើទីខ្ពស់..."
"The wonder is always on the top..."

អត្ថន័យនៃសញ្ញាជាតិ ”ព្រះសង្ហារ”


ព្រះសង្ហារ ឬ សញ្ញាជាតិ គឺជាត្រាប្រពៃណី និង ផ្លូវការសម្រាប់ព្រះចៅ ក្រុង កម្ពុជាធិបតីគឺព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយមានរូបសញ្ញាសំខាន់ៗ និង អត្ថន័យដូចតទៅ៖

·         ពន្លឺឆពណ្ណរង្សី នៅពីលើ តំណាងឲ្យបារមីរបស់ព្រះមហាក្សត្រ ដែលទ្រង់គ្រប់គ្រងប្រជានុរាស្ត្រប្រកបដោយទសពិធរាជធម៌ និង តំណាងឲ្យអរិយធម៌ខ្មែរ ដ៏ត្រចះត្រចង់ រុងរឿង។
·         មកុដរាជ្យ តំណាងឲ្យមន្រ្តីរាជការ និង ប្រជារាស្រ្តទាំងអស់គាំទ្រ និង លើកស្ទួយព្រះមហាក្សត្រ ឲ្យគ្រប់គ្រងព្រះរាជាណាចក្រកម្ពុជា។
·         ព្រះខ័នរាជ្យ នៅក្រោមមកុដរាជ្យ តំណាងឲ្យអំណាចនៃអាវុធ ដ៏ស័ក្តិសិទ្ធិបំផុតសម្រាប់ព្រះមហាក្សត្រគ្រងរាជ្យ ក្នុងសន្តិភាព និង យុត្តិធម៌។
·         សញ្ញា នៅពីលើព្រះខ័នរាជ្យ តំណាងឲ្យភាពនៃជោគជ័យ និង ការអភិវឌ្ឍន៍រីកចម្រើនជានិច្ចនិរន្តន៍សម្រាប់ ព្រះរាជាណាចក្រកម្ពុជា។
·         ជើងពាន ទ្រព្រះខ័នរាជ្យ តំណាងឲ្យបល្ល័ងរាជ្យដែលជាអាសនៈ កិត្តិយស និងដ៏ពិសិដ្ឋបំផុតសម្រាប់ព្រះមហាក្សត្រ ទ្រង់គង់នៅថ្ងៃដែលរៀបចំក្នុងពិធីអភិសេកឡើងគ្រងរាជ្យសម្បត្តិ។
·         រាជបល្ល័ង តំណាងឲ្យព្រះមហាក្សត្រដែលជាទីសក្ការៈ ព្រមទាំងជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្រ្តទាំងអស់នៅក្នុងព្រះនគរ ពីព្រោះព្រះមហាក្សត្រទ្រង់បានគ្រប់គ្រងប្រទេសប្រកបដោយទសពិធរាជធម៌ ដែលជាប្រភពផ្តល់នូវថាមពលខាងស្មារតី និង សម្ភារៈសម្រាប់ប្រទេសជាតិក្នុងការអភិវឌ្ឍ​ន៍ និង និរន្តរភាព។
·         ក្សេតឆ័ត្រទាំងពីរ (ឆ័ត្ររួត) ដែលបានបាំងគ្របជាកិត្តិយសពីលើបល្ល័ង តំណាងឲ្យអំណាចព្រះមហាក្សត្រ ព្រះមហាក្សត្រីយានី និងការគ្រប់គ្រងរបស់ព្រះមហាក្សត្រក្នុងព្រះរាជវង្សនៃមហានគរខ្មែរ ដែលព្រះអង្គជាអ្នកថែរក្សាប្រជារាស្ត្រ ហើយក៏តំណាងឲ្យភពទេវៈទាំងប្រាំបួន ដែលមានទេវតាប្រកបដោយបារមី និង ឫទ្ធិអំណាចនៅចាំគ្រប់គ្រងថែរក្សាព្រះមហាក្សត្រជាប្រចាំ។
·         រាជសីហ៍និងគុជសីហ៍ ឈរកាន់ក្សត្រឆ័ត្រទាំងពីរ តំណាងឲ្យអំណាច និង មហិទ្ធឫទ្ធិនៅក្នុងរបបរាជាធិបតេយ្យកម្ពុជា និង តំណាងឲ្យព្រះសុពណ៌បាទុកា (ទ្រនាប់ជើងមាស) ទាំងពីរក្នុងចំនែកមួយនៃកេតនភណ្ឌទាំងប្រាំយ៉ាងសម្រាប់រៀបចំពិធីអភិសេកព្រះរាជាទ្រង់ឡើងគ្រងរាជ្យ និង តំណាងឲ្យកម្លាំងរបស់ប្រជារាស្រ្តខ្មែរនៅជុំវិញព្រះរាជបល្ល័ង។
·         ពាក្យ ព្រះចៅ ក្រុង កម្ពុជា តំណាងឲ្យអធិបតីភាពនៃព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

រួមមកសញ្ញាជាតិ មានអត្ថន័យបង្ហាញពីអំណាច និង យុត្តិធម៌នៃអរិយធម៌ខ្មែរដែលមានការចូលរួមការពារពីកម្លាំងប្រជារាស្ត្រ នៅជុំវិញរាជបល្ល័ងព្រះមហាក្សត្រ ព្រមទាំងបង្ហាញពីជំនឿ និងបំណងប្រាថ្នាដ៏ជ្រាលជ្រៅរបស់ប្រជាពលរដ្ឋ ក្នុងការគោរពចំពោះព្រះមហាក្សត្រ។ លើសពីនេះទៅទៀតសញ្ញាជាតិ មានសារៈសំខាន់ខ្លាំងណាស់ព្រោះបានបង្ហាញឲ្យឃើញថាព្រះរាជាណាចក្រកម្ពុជា ជាប្រទេសឬជាតិសាសន៍មួយ មានអត្តសញ្ញាណជាតិរបស់ខ្លួន និង មានអធិបតីយភាព មិនចំនុះជាតិសាសន៍ណាមួយឡើយ៕


សញ្ញាជាតិ ឬ ព្រះសង្ហារ


No comments:

Post a Comment