ថៃ្ងនេះគឺជាថៃ្ងដែលថ្នាក់រៀនភាសាអង់គេ្លសរបស់ខ្ញុំបានទទួលសិស្សថ្មីម្នាក់។ គេគឺជាក្មេងប្រុសជំទង់ដែលមានអាយុយ៉ាងច្រើនបងខ្ញុំ ២ ឬ ៣ ឆ្នាំប៉ុណ្ណោះ ។ គេបានណែនាំខ្លួនឲ្យពួកយើងស្គាល់ បន្ទាប់មកគេក៏ដើររកកនែ្លងអង្គុយ តែគ្មានសល់កៅអីសោះ គឺមានតែកៅអីមួយជិតខ្ញុំទេដែលនៅសល់។ រយៈពេលដែលយើងអង្គុយជិតគ្នាគឺប្រហែលជាកន្លះខែហើយ តែយើងមិនដែលនិយាយ ជាមួយគ្នាទាល់តែសោះសូម្បីតែមួយម៉ាត់ ។ ខ្ញុំគ្រាន់តែស្គាល់ឈ្មោះគេគឺ ”យុទ្ធ” ។ ប៉ុន្តែថ្ងៃមួយវាធ្វើឲ្យខ្ញុំចម្លែកយ៉ាងខ្លាំងនោះគឺសម្តីមួយម៉ាត់ដែលគេនិយាយមកកាន់ខ្ញុំ “ដាណា! តើនាងរៀនខែ្មរនៅសាលាណា? “ សំនួរនេះគឺជាពាក្យសម្តីទីមួយហើយដែលគេប្រើសម្រាប់ខ្ញុំ ហើយរឹតតែចម្លែក ជាងនេះទៅទៀតនោះ ខ្ញុំឆ្ងល់ថាហេតុអី្វក៏គេសួរខ្ញុំបែបនេះ ។
ចាប់តាំងពីពេលនោះមក យើងទាំងពីរក៏មានទំនាក់ទំនងល្អជាមួយគ្នា ។ ទន្ទឹមនឹងនេះខ្ញុំបានសែ្វងយល់ពីគេច្រើនណាស់ ចំនុចសំខាន់នោះគឺគេមានចំណង់ចំនូលចិត្តដូចខ្ញុំ ហើយគេជាមនុស្សលេងសើចច្រើន ។ រហូតមកដល់ថៃ្ងមួយទើប ខ្ញុំដឹងថាគេគឺជាប្អូនប្រុសបង្កើតរបស់បងស្រីធម៌របស់ខ្ញុំ ។ គេចាប់ផ្តើមលេងជាមួយខ្ញុំកាន់តែច្រើន ធ្វើល្អចំពោះខ្ញុំច្រើនជាងមុន និងយកចិត្តទុកដាក់ចំពោះខ្ញុំច្រើនដែរ ។ ខ្ញុំចាប់អារម្មណ៍ថាគេប្លែក តែខ្ញុំក៏មិនគិតអ្វីផ្តេសផ្តាសដែរ ព្រោះខ្ញុំគិតថាយើងជាមិត្តនឹងគ្នាទើបគេធ្វើល្អចំពោះខ្ញុំ។ ថៃ្ងមួយបងលីនដែលជាបងស្រីធម៌របស់ខ្ញុំបានសួរថា “ប្រសិនបើមានអ្នកណាម្នាក់ស្រលាញ់ឯង តើឯងគិតយ៉ាងណា? ខ្ញុំឆ្លើយទាំងព្រងើយ “មានអ្នកណាគេមកស្រលាញ់ខ្ញុំទៅ បើខ្ញុំគ្មានអ្វីល្អផង” ។ ខ្ញុំសង្ស័យថាហេតុអី្វបានជាគាត់សួរសំនួរបែបនេះមកកាន់ខ្ញុំ។
ថៃ្ងកំណើតរបស់ខ្ញុំក៏មកដល់ ខ្ញុំបានទទួលកាដូជាច្រើនពីមិត្តភកិ្ត ។ ពេលខ្ញុំទៅសាលាអង់គ្លេសខ្ញុំចាប់អារម្មណ៍ថាមិនឃើញ យុទ្ធ និង បងលីន មករៀនទេព្រោះជាប្រចាំពួកគេតែងតែមកលឿនជាងគេ។ ក្នុងចិត្តរបស់ខ្ញុំមិនសប្បាយសោះ ហើយខឹងយ៉ាងខ្លាំង ព្រោះវាជាថ្ងៃសំខាន់សម្រាប់ខ្ញុំ មិនគួរពួកគេទាំងពីរធ្វើបែបនេះសោះ។ ប្រហែលជា១០នាទីក្រោយមក ទូរស័ព្ទរបស់ ខ្ញុំក៏រោទ៍ ខ្ញុំលើកវាមកមើលក៏ឃើញលេខយុទ្ធ “អាឡូ! ដាណា នាងអាចមកសួន ច្បារជិត សាលា អង់គ្លេសបានទេ? ” យុទ្ធនិយាយ។ “ ទៅធ្វើអី? ” “ មកសិនមក នាងនឹងដឹងហើយ។ ” ស្តាប់បានតែត្រឹមនេះគេក៏បិទទូរស័ព្ទ។ ពេលទៅដល់ភ្លាមគេបានឲ្យខ្ញុំបិទភែ្នក បន្តិចក្រោយមកគេឲ្យខ្ញុំបើកភ្នែកវិញ ពេលនោះកាដូធំៗពីរនៅចំពោះមុខខ្ញុំគឺមួយជារបស់គេ ហើយមួយទៀតជារបស់បងលីន។ បរិយាកាសពេលនោះគឺវាពិតជាអស្ចារ្យណាស់ ភាពសប្បាយរីករាយចំពោះខ្ញុំវាចម្លែកខ្លាំងណាស់ មិនតែប៉ុណ្ណោះវាមានអត្ថន័យយ៉ាងរ៉ូម៉ែនទិកសម្រាប់ខ្ញុំ ។
ក្រោយពីថៃ្ងនោះមកគេតែងតែផ្ញើរសារសួសី្តខ្ញុំជារៀងរាល់ព្រឹក សួរសុខទុក្ខជារៀងរាល់ថ្ងៃ ។ ជាងនេះទៅទៀតគេធ្លាប់សារភាពថាស្រលាញ់ខ្ញុំជាច្រើនលើកច្រើនសារ តែខ្ញុំមិនបានថាអ្វីឲ្យគេទេ គ្រាន់តែបា្រប់គេវិញថាសុំពេលគិតសិន។ ការឆ្លើយចម្លើយនេះទៅគេវិញ ព្រោះចិត្តខ្លួនឯងយ៉ាងណាក៏ខ្ញុំមិនដឹងផង។ ត្រឹមតែដឹងថា ពេលនៅជិតគេ មានអារម្មណ៍ថាសប្បាយចិត្ត ហើយពេលបែកពីគេវិញគឺនឹកគេ។ ខ្ញុំបានយកបញ្ហានេះទៅបា្រប់បងលីន និង មិត្តដទៃទៀតដែលទុកចិត្ត ពួកគេឆ្លើយចម្លើយដូចគ្នាណាស់នោះគឺ “ ស្នេហា ” ពួកគេថាខ្ញុំមានសេ្នហាហើយ។ ចំនែកឯបងលីនវិញដូចជាមេអណ្តើកអញ្ចឹង តាំងពីពេលគាត់បានដឹងរឿងនេះមក គាត់តែងតែនិយាយពីនេះ ពីនោះ ដែលទាក់ទងនឹងយុទ្ធ បា្រប់ខ្ញុំហើយនិយាយរឿងខ្ញុំបា្រប់យុទ្ធ បើសរុបមកគឺអ្នកនាំសារ ។ ពេលវេលាកន្លងផុតទៅលឿនណាស់ ថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ក៏ចូលមកដល់ មានកនែ្លងលក់ផ្កាគ្រប់ទីកន្លែង។ ភាគច្រើននៃមិត្តភក្តិខ្ញុំសុទ្ធតែបានទទួលផ្កា លើកលែងតែខ្ញុំទេកំសត់ណាស់គ្មានអ្នកណាឲ្យទេ ខ្ញុំខ្មាសខ្លួនឯងណាស់។ មែនហើយ ខ្ញុំគ្មានសង្សាឯណា ហេតុអី្វត្រូវអន់ចិត្តនឹងខ្លួនឯង ពិតជាល្ងង់មែន។ ដោយសាលាមិនរៀនហើយមិត្តភក្តិទាំងអស់រវល់តែសប្បាយនឹងថ្ងៃបុណ្យ Valentine នេះពួកគេមិនបានរវីរវល់នឹងខ្ញុំទេ។ ហេតុតែអផ្សុក ខ្ញុំក៏ដើរទៅអង្គុយនៅបង់ម្នាក់ឯង ខណៈពេលនោះយុទ្ធទូរស័ព្ទមកខ្ញុំ គេឲ្យខ្ញុំចាំគេនៅសួនច្បារជិតសាលាអង់គ្លេសដែលជាកនែ្លងដែលគេឲ្យកាដូខ្ញុំនៅថ្ងៃកំនើត។ ខ្ញុំក៏ទៅតាមការណាត់។ ពេលខ្ញុំទៅដល់ យុទ្ធគេមិនទាន់មកទេ ខ្ញុំឈរចាំគេ ប៉ុន្តែមួយសន្ទុះក្រោយមកខ្ញុំលឺសំលេងគ្រោះថ្នាក់ចរាចរណ៍ សម្លេងនេះវាមិនឆ្ងាយណាស់ណាពីសួនច្បារទេ គឺប្រហែលជា ៣០០ម ប៉ុណ្ណោះ។ ស្រទាប់ផ្កាកុលាបរាយពេញផ្លូវ មនុស្សរោមអ្នករងគ្រោះជិត ឯសម្លេងឡានពេទ្យក៏ធ្វើដំនើរពីចម្ងាយដែរ។ គ្រាន់តែឃើញផ្កាកុលាប អារម្មណ៍របស់ខ្ញុំចាប់ផ្តើមភ័យហើយនៅមិនសុខរកស្មានមិនត្រូវសោះ។ ខ្ញុំគិតថាចង់ទៅមើលនឹងគេដែរតែគំនិតមួយទៀតគិតថាបើខ្ញុំទៅ ពេលយុទ្ធមកដល់គេនឹងមិនឃើញខ្ញុំ ដោយការគិតឃើញដូចនេះខ្ញុំក៏សម្រេចចិត្តថាមិនទៅ។ រយៈពេលដែលខ្ញុំរង់ចាំគេគឺជិតមួយម៉ោងហើយតែមិនឃើញគេមកសោះ ទូរស័ព្ទទៅក៏មិនចូល មកក៏មិនឃើញមក វាធ្វើឲ្យខ្ញុំកាន់តែបារម្ភខ្លាំងឡើងៗ។ បនិ្តចក្រោយមកខ្ញុំមានអារម្មណ៍ថាទូរស័ព្ទរបស់ខ្ញុំរោទ៍។ មែនហើយ! បងលីនទូរស័ព្ទមក។ គ្រាន់តែលើកភា្លមខ្ញុំមិនទាន់ទាំងបាននិយាយអ្វីផង សម្លេងបងលីនមកយ៉ាងរហ័ស “អាឡូ! ដាណាយុទ្ធមានគ្រោះថ្នាក់ចរាចរណ៍មុននេះមួយម៉ោង នៅជិតសាលាអង់គ្លេសយើង គេត្រូវឡានដឹកទំនិញបុកពេលគេកំពុងជិះម៉ូតូ។ ស្តាប់បានតែត្រឹមនេះទឹកភែ្នករបស់ខ្ញុំជាច្រើនស្រក់ហូរចុះមកដោយដឹងខ្លួន ។ ខ្ញុំឈរយំនៅទីនោះយ៉ាងយូររាល់តំនក់ទឹកភែ្នកដែលធ្លាក់មកសុទ្ធតែពោរពេញដោយភាពសោកស្តាយ។
ពេលមកដល់ផ្ទះវិញខ្ញុំដូចជាមនុស្សគ្មានវិញ្ញាណអញ្ចឹង អ្នកណាក៏ខ្ញុំមិននិយាយជាមួយ បាយក៏មិនហូប គិតតែពីយំម្នាក់ឯងនៅក្នុងបន្ទប់។ បីថ្ងៃក្រោយហេតុការណ៍បានកើតឡើង ខ្ញុំក៏ទៅមន្ទីរពេទ្យដែលគេសម្រាក។ បងលីនបាននាំខ្ញុំទៅបន្ទប់របស់យុទ្ធ ពេលឃើញគេសិ្ថតក្នុងសភាពបែបនេះទឹកភ្នែកខ្ញុំហូរទៀតហើយវាហូររហូត “ បងលីនគឺខ្ញុំជាអ្នកខុស ពេលគេមានគ្រោះថ្នាក់ ខ្ញុំក៏នៅជិតនោះដែរ ព្រោះពូកយើងបានណាត់គ្នានៅសួនច្បារ ។ បើខ្ញុំទៅមើលនឹងគេនោះវាក៏គ្មានវិប្បសារីចំពោះខ្ញុំមកដល់ថ្ងៃនេះដែរ ” ខ្ញុំនិយាយ។ គាត់បន្ត “ ឯងមិនខុសទេ ព្រោះឯងមិនដឹង បងបា្រប់ឯងតាមត្រង់ចុះ តាមពិតទៅយុទ្ធស្រលាញ់ឯងណាស់ គេសុខចិត្តមិនចូលរៀនដើម្បីដើររកទិញផ្កាល្អបំផុតឲ្យឯងតាំងពីព្រឹក។ បងមិនដែលឃើញគេស្រលាញ់អ្នកណាដល់ថ្នាក់នេះទេ។ ឯងគឺជាស្នេហាពិតរបស់គេហើយ គេបានបា្រប់បងនូវរឿងអស់ទាំងនេះយូរមកហើយ តែគេហាមបងមិនឲ្យបា្រប់ឯងទេ។ ” យុទ្ធសន្លប់រហូតតាំងពីគេមានគ្រោះថ្នាក់មក ច្រមុះរបស់គេពាក់អុកស៊ីសែនជាប់។ មួយសបា្តហ៍ក្រោយមក គ្រួសាររបស់យុទ្ធបានបញ្ជូនគេទៅព្យាបាលនៅប្រទេសថៃព្រោះថារបូសរបស់គេធ្ងន់ធ្ងរណាស់។ ឈាមកកនៅក្នុងក្បាលខាងក្រោយ និង បាក់ភ្លូវឆ្វេង។ ចាប់តាំងពីពេលនោះមក ខ្ញុំមិនដូចមុនទេ គ្មានការសើចសប្បាយ គ្មានអ្នកផ្ញើរសារសូស្តី និងគ្មានអ្នកយកចិត្តទុកដាក់ទៀតទេសម្រាប់ខ្ញុំ។ Valentine’s Day គឺជាថ្ងៃដែលមានន័យបំផុតសម្រាប់អ្នកគ្រប់គ្នា ចំនែកខ្ញុំវិញវាបានក្លាយជាថ្ងៃដែលគ្រោតគ្រាតណាស់ ហើយអ្វីៗបានរសាត់តាមខ្យល់អស់ទៅហើយ ។
វេលាចេះតែកន្លងផុតទៅមិនបានប៉ុន្មានផង ៦ខែក៏កន្លងផុតទៅ ខ្ញុំមិនបានទទួលដំនឹងពីយុទ្ធសោះ ឯបងលីនក៏ឈប់រៀន ទូរស័ព្ទក៏ដូរលេខទៀតជាហេតុធើ្វឲ្យខ្ញុំដាច់ការទាក់ទងជាមួយគាត់។ បាត់គេទាំងពីរនាក់ខ្ញុំមានអារម្មណ៍ដូចជានៅលើពិភពលោកនេះតែម្នាក់ឯងអញ្ចឹង។ ខ្ញុំនឹកយុទ្ធណាស់ពេលនេះទើបខ្ញុំដឹងថាខ្ញុំស្រលាញ់គេ តែខ្ញុំមិនចេះក្តោបក្តាប់ឱកាសសោះចេះតែពន្យារហូតទាល់តែវារបូតចេញពីដៃបាត់ទើបដឹងខ្លួន។ ប្រសិនបើមានឱកាសម្តងទៀត ខ្ញុំនឹងបា្រប់គេថា ខ្ញុំស្រលាញ់គេណាស់ នេះគ្រាន់តែជាការគិតដែលគ្មានគោលដៅតែប៉ុណ្ណោះ ព្រោះអ្វីៗវាបានកន្លងហួសអស់ទៅហើយ។ ខ្ញុំគ្រាន់តែជាមនុស្សម្នាក់ដែលអត់បានការសូម្បីតែពាក្យបីម៉ាត់នៅក្នុងចិត្តក៏មិនអាចនិយាយចេញមកដែរ។ ដោយសារតែខ្ញុំទើបយុទ្ធខកចិត្ត ក៏ព្រោះតែខ្ញុំមិនបានផ្តល់ចម្លើយដ៏សមរម្យឲ្យគេវិញ ។
មួយប៉ប្រិចភែ្នកសោះថ្ងៃ ១៤ កុម្ភះ ក៏ត្រលប់មកសារជាថ្មី ពេលនេះគឺដូចជាឆ្នាំមុនអញ្ចឹង គ្មានអ្នកណាឲ្យផ្កាខ្ញុំទេ ហេតុការណ៍ទាំងប៉ុន្មានវាបានដក់ជាប់ក្នុងខួរក្បាលរបស់ខ្ញុំ។ ពួកគេទាំងអស់គ្នារីករាយណាស់ តែខ្ញុំវិញមានតែរំលឹកអតីតកាលជូរចត់ប៉ុណ្ណោះ។ មិនដឹងថាហេតុអី្វទេជើងរបស់ខ្ញុំវាចេះតែដើរទៅសួនច្បារ តែចិត្តមិនចង់ទៅទេ ។ ដើរបណ្តើរគិតបណ្តើរ តើខ្ញុំទៅកន្លែងនោះដើម្បីអ្វី? តើពេលទៅដល់ខ្ញុំអាចទប់ទឹកភែ្នកកុំឲ្យស្រក់បានទេ? ទេ! ខ្ញុំត្រូវតែឃាត់ឲ្យបាន។ តែអ្វីវាមិនដូចជាការគិតរបស់ខ្ញុំទេ។ គ្រាន់តែទៅដល់ភា្លមព្រឹត្តិការណ៍ទាំងអស់ត្រូវលាតត្រដាងនៅចំពោះមុខខ្ញុំទឹកភ្នែកក៏ចាប់ផ្តើមហូរខ្លាំងឡើងៗដែរ។ ខ្ញុំអង្គុយលើបង់ដោយអារម្មណ៍រវើរវាយ មិនដឹងថាគិតអ្វីឲ្យប្រាកដ។ កំពុងតែភ្លឹកស្រាប់តែទូរស័ព្ទរោទ៍ ខ្ញុំរំភើបណាស់ព្រោះអ្នកនិយាយគឺជាបងលីន ដោយមិនបង្អង់យូរខ្ញុំក៏សួរសំនួរពីរ បី សំនួរទៅគាត់ តែគាត់មិនបានឆ្លើយតាមការសួររបស់ខ្ញុំទេ គាត់បែរជានិយាយផេ្សងទៅវិញ “ ពេលនេះបងនៅមិនឆ្ងាយពីឯងទេ! តែអ្វីដែលបងចង់ឲ្យឯងធ្វើនៅពេលនេះសូមឲ្យឯងងាកមកក្រោយ ” សម្លេងគាត់ក៏ដាច់ទៅ។ ខ្ញុំក៏ងាកទៅ អី្វដែលនឹកស្មានមិនដល់ និង សឹងតែមិនជឿលើភែ្នកខ្លួនឯងនោះគឺ មនុស្សដែលខ្ញុំកំពុងរង់ចាំនោះគេកំពុងតែឈរនៅចំពោះមុខខ្ញុំគឺ យុទ្ធ។ ទឹកភែ្នកដែលវាស្ទើរតែរីងទៅហើយនោះ ពេលនេះវាហូរដោយក្តីរំភើបបំផុត យុទ្ធអោបខ្ញុំយ៉ាងណែនហើយសូរថា “ តើអូនអាចឆ្លើយបានហើយឬនៅ? ” ខ្ញុំប្រាប់គេវិញថា “ អូនស្រលាញ់បងខ្លាំងណាស់។ ” ចិត្តរបស់ខ្ញុំវារស់ឡើងវិញហើយ។ ទីបំផុតខ្ញុំអាចប្រាប់មនុស្សដែលខ្ញុំស្រលាញ់ពីពាក្យដែលនៅក្នុងចិត្តបានហើយ ៕
Written by Ms. Kaing Sokkheng
22.02.2008
No comments:
Post a Comment